ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារ និងផ្តល់ធាតុចូលលើសេចក្តីព្រាង សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម លើកទី១២
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារ និងផ្តល់ធាតុចូលលើសេចក្តីព្រាង សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវមីយ៉ាន់ម៉ា វៀតណាម លើកទី១២ ដែលមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងលោក លោកស្រី ជាសមាជិក សមាជិកា តំណាងនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានា ជាច្រើនរូបផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការបានប្រសាសន៍ថាក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់លើការពិនិត្យខ្លឹមសារ និងសម្រួលពាក្យពេចន៍នៅក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ដើម្បីធានាឱ្យខ្លឹមសារមានភាពច្បាស់លាស់ ស៊ីសង្វាក់គ្នា និងស្របតាមគោលបំណងនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២។ ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សា និងផ្តល់ធាតុចូលពាក់ព័ន្ធនឹងខ្លឹមសារដែលស្ថិតក្នុងវិសាលភាពការងាររបស់ក្រសួងមហាផ្ទៃ ដោយបានលើកឡើងនូវចំណុចសំខាន់ៗ និងសំណើកែសម្រួលមួយចំនួន ដើម្បីចូលរួមធ្វើឱ្យសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងបាននូវខ្លឹមសារដែលពាក់ព័ន្ធ។
ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានណែនាំឱ្យមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធបន្តពិនិត្យឡើងវិញនូវខ្លឹមសារនៃសេចក្តីព្រាង ដោយយកចិត្តទុកដាក់លើភាពត្រឹមត្រូវ ភាពច្បាស់លាស់ និងភាពស៊ីសង្វាក់គ្នានៃខ្លឹមសារ ព្រមទាំងបញ្ចូលធាតុចូលពាក់ព័ន្ធឱ្យបានសមស្រប មុននឹងដាក់ឆ្លងតាមនីតិវិធីបន្ត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងស្មារតីពិភាក្សា ផ្លាស់ប្តូរយោបល់ និងសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពពាក់ព័ន្ធ ដើម្បីរួមចំណែកធានាឱ្យការរៀបចំសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ មានភាពល្អប្រសើរ និងអាចបន្តអនុវត្តតាមនីតិវិធីដែលបានកំណត់៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំមក









