អភិបាលខេត្តកណ្តាល ណែនាំឱ្យបង្ក្រាបស្គេមអនឡាញឱ្យមានប្រសិទ្ធភាព ដើម្បីធានាភាពសុខសាន្តជូនពលរដ្ឋ
កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំឱ្យពង្រឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងបង្ក្រាបបទល្មើសស្គេមអនឡាញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ការតែងតាំង ការផ្លាស់ប្តូរ ឬការបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការពង្រឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងការបង្ក្រាបបទល្មើសស្គេមអនឡាញ ឱ្យមានប្រសិទ្ធភាពខ្ពស់ គឺដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ទោះបីជាបច្ចុប្បន្ននៅក្នុងមូលដ្ឋានស្រុកល្វាឯម មិនទាន់មានសញ្ញានៃបទល្មើសស្គេមអនឡាញក៏ដោយ ប៉ុន្តែមន្ត្រីទាំងអស់មិនត្រូវមានការធ្វេសប្រហែសឱ្យសោះ។ ត្រូវតែបង្កើនការសង្កេត តាមដាន និងរួមគ្នាសហការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសស្គេមអនឡាញក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញលើការងារដីធ្លី និងការបន្តចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ត្រូវជំរុញ និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ដោយឈរលើគោលការណ៍គ្មានទំនាស់ និងគ្មានជម្លោះ ត្រូវបន្តចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងត្រឹមត្រូវរាល់ការងារដីធ្លី គឺត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវ ទើបមានសិទ្ធិពេញលេញក្នុងការផ្ទេរ ទិញ ឬលក់ ដោយស្របតាមច្បាប់៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល










