លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកា
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែវិច្ឆិកា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងតាមផែនការងារជំនាញ លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការក្រុង-ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ-សង្កាត់។
ក្រោយពីបានស្តាប់ការអានរបាយការណ៍និងមតិចូលរួមពីលោកស្នងការរងទទួលផែនការងារជំនាញ លោកឧត្តមសេនីយ៍ទោ ស ថេង បានណែនាំ និងជំរុញដល់កម្លាំងនគរបាលគ្រប់រូប បន្តយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចប្រកបដោយវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវ និងគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់។
លោកស្នងការ ក៏បានណែនាំឱ្យកម្លាំងនគរបាលជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងមិនត្រូវពាក់ព័ន្ធ ឬទទួលផលប្រយោជន៍ពីបទល្មើសគ្រប់ប្រភេទ ព្រមទាំងត្រូវពង្រឹងវិន័យ ការគោរពម៉ោងពេលបំពេញការងារ និងការទទួលខុសត្រូវនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល។
ជាមួយគ្នានេះ រាល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ និងបរិស្ថាននៅក្នុង និងជុំវិញបរិវេណប៉ុស្តិ៍ ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ឱ្យបានទូលំទូលាយ ដោយចាប់ផ្តើមផ្សព្វផ្សាយពីថ្នាក់បឋមសិក្សា ដើម្បីបង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជនក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលយកចិត្តទុកដាក់លើការងារធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន។ ពង្រឹងការកសាងកម្លាំងសម្ងាត់ និងប្រភពព័ត៌មាននៅមូលដ្ឋាន ដើម្បីរាយការណ៍ជូនសមត្ថកិច្ចអំពីសកម្មភាពបទល្មើសបានទាន់ពេលវេលា ព្រមទាំងត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងតាមដានមុខសញ្ញាពាក់ព័ន្ធបទល្មើសផ្សេងៗ ដើម្បីបង្ការ ទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាពល្មើសដែលអាចកើតមាន។
ជាចុងក្រោយ លោកស្នងការបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិគ្រប់រូប ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំបំពេញតួនាទី ភារកិច្ចឱ្យបានល្អប្រសើរ ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់







