ឯកឧត្ដម ប៊ុន ហុន និងឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងនិងកិច្ចដំណើរការប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស
ទីស្ដីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន និងឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងនិងកិច្ចដំណើរការប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។
ឯកឧត្ដម រដ្ឋលេខាធិការ បានមានប្រសាសន៍ថាកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីសេចក្ដីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការអនុវត្ត និងដំណើរការប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ ដើម្បីគាំទ្រដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យអ្នកដំណើរ សំដៅលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងការធ្វើដំណើរតាមផ្លូវអាកាស ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម រដ្ឋលេខាធិការ សហប្រធានអង្គប្រជុំបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធ ការសម្របសម្រួលការងាររវាងអង្គភាពជំនាញ និងការពង្រឹងកិច្ចសហការក្នុងការផ្លាស់ប្តូរព័ត៌មាន ស្របតាមតួនាទី និងភារកិច្ចរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យការគ្រប់គ្រង និងដំណើរការប្រព័ន្ធប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែង ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្តោតលើសារៈសំខាន់នៃការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តនីតិវិធីពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងការធ្វើដំណើរតាមផ្លូវអាកាស ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










