អាជ្ញាធររាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋសហការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេស ONLINE SCAMS ឱ្យអស់ពីមូលដ្ឋាន
ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យប្រជាពលរដ្ឋសហការក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសការលុបបំបាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។
ការស្នើសុំបែបនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌទួលគោក នាថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៦នេះ នៅបរិវេណវិទ្យាល័យ ជា ស៊ីម សាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោមអធិបតីភាព ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន បានលើកឡើងថា ល្បែងស៊ីសងមិនបានធ្វើឱ្យយើងរីកចំរើនទេ តែវាបានធ្វើឱ្យយើងវិនាស ដូចជាល្បែងឆ្នោត(កន្ទុយលេខ) ឡូតូនិងល្បែងស៊ីសងផ្សេងៗទៀត ដូច្នេះសុំប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចក្នុងការលុបបំបាត់ល្បែងស៊ីសងទាំងនេះ ពិសេសការលុបបំបាត់ ល្បែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ចំណែកសមត្ថកិច្ចប៉ូលីសនិងកងរាជអាវុធហត្ថខណ្ឌ ត្រូវអនុវត្តការងារនេះឱ្យបានម៉ឺងម៉ាត់បំផុត។
ឯកឧត្ដម ជួប ខុន បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង ១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព), ការអភិវឌ្ឍមូលដ្ឋាន,សុខមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន,ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
ឯកឧត្ដម ជួប ខុន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឱ្យអាជ្ញាធរក្តាប់បានពីតម្រូវការ ការចង់បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ ធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែ មានការអភិវឌ្ឍរីកចំរើន៕
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ










