ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ៣៥២គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

admin By admin October 2, 2026

ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចុះនាំយកកញ្ចប់ស្បៀងសង្គមកិច្ចដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចំនួន ៣៥២កញ្ចប់ ទៅប្រគល់ជូនដល់ដៃអតីតយុទ្ធជន និវត្តជន ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ។

ពិធីនេះបានប្រព្រឹត្តទៅ ស្ថិតក្នុងបរិវេណសហគមន៍ទេសចរណ៍ព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីចូលរួមសម្រាលទុក្ខធុរៈ និងបង្កើនបរិយាកាសរីករាយក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះនៅតំបន់ដាច់ស្រយាល ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្មារតី «មិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ហើយអាជ្ញាធរមិនបានដឹង និងមិនបានជួយនោះឡើយ»។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា អំណោយទាំងនេះមិនត្រឹមតែជាស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែជាទឹកចិត្ត និងជាបេះដូងនៃការចែករំលែក ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលបុណ្យប្រពៃណីជាតិ។

បើតាមការគូសបញ្ជាក់របស់ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា អំណោយសង្គមកិច្ចដែលបានផ្តល់ជូននាពេលនេះ ត្រូវប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣៥២គ្រួសារ មកពីភូមិសាស្ត្រនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដោយក្នុងមួយគ្រួសារៗទទួលបាន៖

អង្ករចំនួន ២៥គីឡូក្រាម   មីចំនួន ១កេះ ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៉ីវចំនួន ១យួរ ត្រីខកំប៉ុងចំនួន ១យួរ

ប្រជាពលរដ្ឋដែលទទួលបានអំណោយនាពេលនេះ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងអាជ្ញាធរខេត្តស្ទឹងត្រែង ដែលតែងតែចុះជួយសម្រាលបន្ទុកជីវភាព និងផ្តល់ក្តីសង្ឃឹមដល់ពួកគាត់ជានិច្ច ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *