អភិបាលខេត្តកំពង់ស្ពឺ ចែកអំណោយដល់គ្រួសារកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន១៦៧៥គ្រួសារ
(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌប្រពៃណីជាតិ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនជួរមុខចំនួន១៩៧៦ គ្រួសារ ស្ថិតនៅវត្តកណ្ដោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន នារសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦
សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំង និងក្រុមគ្រួសាររបស់ពួកគាត់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា គ្រួសារកងកម្លាំងនៅសមរភូមិក្រោយមិនមានការខ្វះខាតឡើយ ចំណែកកងកម្លាំងនៅជួរមុខក៏មិននៅឯកោដែរ គឺដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិតបានបន្តថា ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងកម្លាំងនៅជួរមុខ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក និងសំណូមពរផ្ទាល់របស់ពួកគាត់នៅតាមមូលដ្ឋាន។ សកម្មភាពនេះក៏ជាផ្នែកមួយនៃការលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន។
ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់បងប្អូនកងកម្លាំង ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ដែលធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសុខសាន្ត កុមារអាចទៅសាលារៀនដោយរីករាយ និងប្រទេសជាតិអាចអភិវឌ្ឍន៍ទៅមុខបាន។ លោកក៏បានលើកឡើងពីការលះបង់ដ៏មានតម្លៃរបស់ភរិយា មាតាបិតា ឬកូនៗរបស់យុទ្ធជន ដែលត្រូវរស់នៅឆ្ងាយពីស្វាមី កូន ឬឪពុក ខណៈពួកគាត់កំពុងបំពេញភារកិច្ចការពារជាតិ។ លោកបានចាត់ទុកបងប្អូនទាំងនេះថាជា «បង្អែកដ៏រឹងមាំផ្នែកខាងក្រោយ» ដែលធ្វើឱ្យយុទ្ធជននៅជួរមុខមានទឹកចិត្តបំពេញភារកិច្ចដោយគ្មានការបារម្ភ។
ឯកឧត្តមបណ្ឌិត បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងកម្លាំង ប្រសិនបើមានការលំបាកអ្វីមួយ សូមប្រាប់ទៅអាជ្ញាធរភូមិ ឃុំ ដើម្បីរួមគ្នាដោះស្រាយការងារ និងកង្វល់ជូន។ ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់នូវចំណាត់ការការពារសន្តិសុខ ការពារអធិបតេយ្យជាតិ តាមរយៈការងារការទូតច្បាប់ផងដែរ។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា រាល់គោលនយោបាយទាំងអស់ គឺសំដៅលើកកម្ពស់ជីវភាព និងគាំពារដល់កងទ័ព ក៏ដូចជាគ្រួសារកងកម្លាំងឱ្យកាន់តែប្រសើរឡើង។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដែលបានចែកជូននាពេលនេះ គឺជាទឹកចិត្តសប្បុរសធម៌ ដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនមួយគ្រា។ ទោះបីជាអំណោយទាំងនេះមិនអាចបំពេញរាល់តម្រូវការទាំងអស់ក៏ពិតមែន ប៉ុន្តែវាជា «ទឹកចិត្ត គិតគូរ និងការដឹងគុណ» យ៉ាងជ្រាលជ្រៅបំផុតចេញពីបេះដូងរបស់លោក និងក្រុមការងារ ចំពោះវីរភាពរបស់គ្រួសារកងកម្លាំងទាំងអស់៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ









