ឯកឧត្តម ចាន់ សុធា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

admin By admin October 7, 2026

នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោកស្រី Stefania Dina នាយិកាផ្នែកកសិកម្ម ស្បៀង ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ ប្រចាំនាយកដ្ឋានអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពី លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងឱកាសបេសកកម្មពិគ្រោះយោបល់របស់ ADB នៅកម្ពុជា។ 

កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើ ទិសដៅកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និង ADB ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ជាពិសេសការជំរុញការអភិវឌ្ឍជនបទតាមបែបវិមជ្ឈការ ការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការពង្រឹងសមត្ថភាពរដ្ឋបាលមូលដ្ឋាន ដើម្បីឱ្យអាចបំពេញតួនាទី និងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីការត្រៀមអនុវត្ត គម្រោងអភិវឌ្ឍសេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងការប្រែប្រួលអាកាសធាតុ (SRED-SP)  ដោយផ្តោតលើការត្រៀមយន្តការគ្រប់គ្រង និងអនុវត្តគម្រោង ការងារលទ្ធកម្ម និងការសម្របសម្រួលជាមួយស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីធានាឱ្យគម្រោងអាចចាប់ផ្តើមអនុវត្តបានទាន់ពេលវេលា រលូន និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ADB ដែលបានបន្តគាំទ្រការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍជនបទ និងការពង្រឹងភាពធន់របស់សហគមន៍នៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការប្រើប្រាស់ប្រព័ន្ធ និងយន្តការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានស្រាប់ ក្នុងការអនុវត្តគម្រោង ដើម្បីពង្រឹងភាពម្ចាស់ការ គណនេយ្យភាព និងធានានិរន្តរភាពនៃសមិទ្ធផលក្រោយពេលគម្រោងបញ្ចប់។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការត្រៀម និងការអនុវត្តគម្រោង SRED-SP ឱ្យសម្រេចបានតាមគោលដៅ ព្រមទាំងបន្តស្វែងរកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ ដែលអាចគាំទ្រដល់ការអភិវឌ្ឍជនបទតាមបែបវិមជ្ឈការ ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងលើកកម្ពស់ជីវភាព និងភាពធន់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *