ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ

admin By admin October 7, 2026

ខេត្តក្រចេះ​៖​ រសៀលថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពទាំង២ចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំកាំពីសាលាខេត្ត។

កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានក្នុងខែកញ្ញា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងការងារដែលត្រូវបន្តអនុវត្ត ដើម្បីធានាប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម វ៉ា ថន ក៏បានជំរុញឱ្យគ្រប់មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តការងារដោយស្មារតីទទួលខុសត្រូវ សហការគ្នាឱ្យបានជិតស្និទ្ធ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ឱ្យបន្តផ្សព្វផ្សាយ និងសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់ការចំណាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដោយកាត់បន្ថយការចំណាយលើការធ្វើដំណើរ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសេវារថយន្តក្រុងឥតគិតថ្លៃឱ្យបានទូលំទូលាយ និងច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងអាចប្រើប្រាស់សេវានេះបានទាន់ពេលវេលា។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងសម្របសម្រួលចរាចរណ៍នៅតាមទីប្រជុំជន និងតំបន់ដែលមានប្រជាពលរដ្ឋធ្វើដំណើរច្រើន។

ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *