ឯកឧត្តម គួច ចំរើន ផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវប្ដេជ្ញាចិត្តកសាងស្នាដៃ បន្សល់ទុកជាសមិទ្ធផល ដោយកុំរង់ចាំព្រោះ ពេលវេលាមិនច្រើនទេ
កាផ្ដាំផ្ញើនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាស្រុកកណ្ដាល។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្តថា៖ ដើម្បីកសាងស្នាដៃបាន ត្រូវខិតខំធ្វើការសិក្សា រៀនសូត្រ សហការគ្នាល្អ ឆ្នៃប្រឌិតបន្ថែម ទទួលខុសត្រូវ ស្របតាមគោលការណ៍ និងច្បាប់ ក្នុងន័យនេះការបំពេញភារកិច្ចរបស់មន្ត្រីរាជការ មិនមែនគ្រាន់តែជាការមកបំពេញការងារតាមទម្លាប់ប្រចាំថ្ងៃនោះឡើយ ប៉ុន្តែត្រូវស្តែងចេញតាមរយៈសមិទ្ធផលជាក់ស្តែងដែលបន្សល់ទុក។ ជាមួយគ្នានេះដែរ ជាមេ គឺត្រូវចេះគិតគូរ ចេះគ្រប់គ្រង ចេះដឹកនាំ ចេះចាត់ចែង ចេះប្រើមនុស្ស តាមទេពកោសល្យ ដោយអំណាច ឋានានុក្រម គោលការណ៍ ច្បាប់ និងមនោសញ្ចេតនា ចេះតាមដាន ចេះត្រួតពិនិត្យ ចេះវាយតម្លៃ និងចេះលើកទឹកចិត្ត។ បន្ថែមពីនេះ ជាប្រធានអង្គភាព មិនមែនមានអំណាចដកដាក់មន្ត្រីគឺជាសមត្ថភាពនោះទេ, ចេះដឹកនាំមន្ត្រីគ្រប់រូបដែលមានស្រាប់ឱ្យសម្រេចបានជោគជ័យ ទើបជាសមត្ថភាពពិត, ការដកដាក់គឺធ្វើឡើងចំពោះតែបុគ្គលដែលផ្គើនបំពានច្បាប់ប៉ុណ្ណោះ!
ទន្ទឹមនឹងនោះដែរឯកឧត្តមអភិបាលខេត្តកណ្តាល បានណែនាំដល់ លោកអភិបាលស្រុកថ្មី នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង ឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តកែលម្អការផ្តល់សេវាសាធារណៈ ព្រមទាំងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ លោកអភិបាលស្រុកថ្មី ត្រូវបន្តកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងមានតម្លាភាព ព្រមទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋាន ដោយធានាថា គម្រោងសំណង់នានាមានគុណភាព ស្របតាមស្តង់ដារ អនុវត្តបានទាន់ពេលវេលា និងមានតម្លៃសមស្រប។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យរដ្ឋបាលស្រុក ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ឱ្យយល់ដឹង និងចេះប្រើប្រាស់កម្មវិធី App NoDrug ដើម្បីចូលរួមផ្តល់ព័ត៌មានអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ច ដោយរក្សាការសម្ងាត់ ដើម្បីរួមគ្នាទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ការផ្ទេរ និងទទួលមុខតំណែង គឺជាស្ពានផ្សារភ្ជាប់កាតព្វកិច្ច និងបេសកកម្មពីថ្នាក់ដឹកនាំមួយទៅថ្នាក់ដឹកនាំមួយទៀត ដើម្បីធានាភាពរឹងមាំ និងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបញ្ជាក់ថា តួនាទីជាអភិបាលស្រុក មិនមែនគ្រាន់តែជាតំណែងនៅលើក្រដាសស្នាមនោះទេ ប៉ុន្តែជាសក្ខីភាពនៃសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ដែលទាមទារឱ្យអ្នកកាន់តំណែងមានឆន្ទៈ ភាពជាអ្នកដឹកនាំ និងសេចក្តីស្មោះត្រង់ ក្នុងការរួមសុខរួមទុក្ខ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ។
សូមបញ្ជាក់ផងដែរថា យោងតាមអនុក្រឹត្យលេខ ៧៩៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ចាប ចន្ទវិទ្យា ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកលើកដែក មកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង ជំនួសលោក អ៊ូច សៅវឿន ដែលត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកស្រុកពញាឮ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល









