រដ្ឋបាលខេត្តស្ទឹងត្រែង នាំយកអំណោយស្បៀងអាហារចែកជូនកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពន្ធនាគារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

admin By admin October 7, 2026

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីពាំនាំយកអំណោយស្បៀងអាហារ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពន្ធនាគារខេត្ត ដើម្បីសម្រាលជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ពិធីចែកអំណោយស្បៀងអាហារនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តទាំងមូល។

នាឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងក្តៅគគុក និងគិតគូរខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពន្ធនាគារទាំងអស់ ដែលតែងតែលះបង់កម្លាំងកាយចិត្តកន្លងមក។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់របស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងទ័ព កងរាជអាវុធហត្ថ និងនគរបាល) ព្រមទាំងមន្ត្រីពន្ធនាគារខេត្ត ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបានយ៉ាងល្អប្រសើរ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីជាស្ថិតក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិផ្សេងៗ ឬបុណ្យភ្ជុំបិណ្ឌនេះក្តី ក៏កងកម្លាំងរបស់យើងមិនបានឈប់សម្រាក ឬជួបជុំក្រុមគ្រួសារដោយស្ងប់ចិត្តឡើយ ដោយត្រូវឈរជើងប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ការលះបង់សេចក្តីសុខផ្ទាល់ខ្លួននេះ គឺជាគំរូ និងជាគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន។

ការផ្តល់អំណោយស្បៀងអាហារនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាឆ្អឹងខ្នងយ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងស្ថិរភាពសង្គម។

ស្បៀងអាហារដែលបានចែកជូននាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលទុក្ខធុរៈ និងលើកកម្ពស់ស្មារតីដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង ឱ្យកាន់តែមានកម្លាំងចិត្ត និងស្មារតីម្ចាស់ការ ក្នុងការបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ និងប្រជាជននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រកបដោយភាពរលូន និងមានសុវត្ថិភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *