អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពនៃការបម្រើប្រជាពលរដ្ឋ
ត្បូងឃ្មុំ ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។
ពិធីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករង រដ្ឋបាលខេត្ត ទីចាត់ការ-អង្គភាព និងមន្ត្រីរាជការជាច្រើនរូប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំ (គ)។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានលើកឡើងពីអត្ថន័យជ្រាលជ្រៅនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ក្នុងស្មារតីកតញ្ញូ-កតវេទិតាធម៌ ចំពោះបុព្វការីជន និងបុព្វបុរសស្នេហាជាតិគ្រប់ជំនាន់។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា «សន្តិភាព» គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខសាន្ត ធ្វើបុណ្យទាន និងចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដូច្នេះត្រូវតែរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្សជានិច្ច។
ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក លើការងារសន្តិសុខ ការពារបូរណភាពទឹកដីតាមព្រំដែន និងការផ្តល់សេវាសាធារណៈ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីរាជការទាំងអស់ ហ៊ានមើលឃើញពីចំណុចខ្វះខាត ដើម្បីរួមគ្នាកែលម្អ និងលុបបំបាត់ភាពអសកម្ម ស្របតាមចរន្តកែទម្រង់របស់រាជរដ្ឋាភិបាល។
ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពនៃការបម្រើប្រជាពលរដ្ឋ ឯកឧត្តម ប៉ែន កុសល្យ បានដាក់ចេញនូវ អនុសាសន៍គន្លឹះចំនួន ៦ ប្រការ រួមមាន៖ ការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង, ពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ, បម្រើប្រជាពលរដ្ឋដោយបេះដូង និងភាពស្មោះត្រង់, ការជំរុញបរិវត្តកម្មឌីជីថល, ត្រៀមលក្ខណៈក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ( រៀបចំវេនប្រចាំការ ធានានិរន្តរភាពការងារ រក្សាសន្តិសុខតាមវត្តអារាម និងតាមដានតម្លៃទំនិញលើទីផ្សារ) និងយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់៕
ប្រភព ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ









