អភិបាលខេត្តកំពង់ចាម៖ ការប្រគល់ប្លង់ដីនាពេលនេះ គឺជាសាក្សីបង្ហាញយ៉ាងច្បាស់ពីការបញ្ចប់ទំនាស់ដោយសន្តិវិធី និងតម្លាភាព
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការប្រគល់ប្លង់ដីនាពេលនេះ គឺជាសាក្សីបង្ហាញយ៉ាងច្បាស់ពីការបញ្ចប់ទំនាស់ដោយសន្តិវិធី និងតម្លាភាព តាមយន្តការសម្របសម្រួលប្រកបដោយសមធម៌ និងការយោគយល់អធ្យាស្រ័យគ្នា ដោយមិនមានភាគីណាមួយរងការបាត់បង់ ឬចាញ់នោះឡើយ។
ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ជូនដល់ប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលជាភាគីពាក់ព័ន្ធក្នុងទំនាស់ដីធ្លីខាងលើ ដែលជាវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ និងទទួលបានយុត្តិធម៌ពេញលេញ ក្រោមការអនុវត្ត «គោលនយោបាយ ឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី បានសម្តែងនូវសេចក្តីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានបន្សល់ទុកនូវមរតកនយោបាយ «ឈ្នះ-ឈ្នះ» ព្រមទាំងថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុន ចាន់ដា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ រហូតទទួលបានយុត្តិធម៌ និងភាពស្ងប់ស្ងាត់នាពេលនេះ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម







